ប៊ន កញ្ញា

ដោយ៖ ដំណើរជីវិតរបស់ស្រ្តីដែលធ្វើការការពារសិទ្ធិមនុស្ស

ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦

ប៊ន កញ្ញា គឺជាបុគ្គលិកនៃក្រុមហ៊ុនឯកជនមួយដែលចំណាយពេលផ្ទាល់ខ្លួនក្នុងការធ្វើការងារស្ម័គ្រចិត្តដើម្បីធ្វើឲ្យមានភាពប្រសើឡើងនៃការគោរពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។ មុននឹងបម្រើការងារក្នុងវិស័យឯកជន កញ្ញាបានធ្វើជាអ្នកស្ម័គ្រចិត្ត ក៍ដូចជាបុគ្គលិកតាមអង្គការសង្គមស៊ីវិលមួយចំនួនក្នុងទីក្រុងភ្នំពេញ។ កញ្ញាចាប់ផ្តើមប្រលូកក្នុងការងារសង្គមដោយសារតែមានទឹកចិត្តចង់ចូលរួមចំណែកអភិវឌ្ឍន៍សង្គមតាមលទ្ធភាពដែលខ្លួនអាចធ្វើទៅបាន។  ដោយសារតែទឹកចិត្តនេះហើយ ទើបកញ្ញានៅតែបន្តការងារស្ម័គ្រចិត្តក្នុងការលើកកម្ពស់ការគោរពសិទ្ធិស្រ្តី ក៍ដូចជាសិទ្ធិសហគមន៍ និងសិទ្ធិកម្មករកម្មការនីដែលកំពុងបម្រើការក្នុងវិស័យផ្សេងៗ។ ស្របជាមួយនឹងការតាំងចិត្តខ្ពស់ក្នុងការបំពេញបេសកកម្មដើម្បីសម្រេចនូវក្តីស្រមៃរបស់ខ្លួន កញ្ញាក៍ប្រឈមជាមួយនឹងបញ្ហាជាច្រើនផងដែរ ដែលក្នុងនោះរួមបញ្ចូលទាំងការរារាំងនូវការធ្វើសកម្មភាពផ្សេងៗក្នុងសហគមន៍ពីសំណាក់អាជ្ញាធរ និងផ្នត់គំនិតសង្គមដែលពុំសូវគោរព និងឲ្យតម្លៃចំពោះភាពជាអ្នកដឹងនាំរបស់ស្រ្តី។ ពេលខ្លះគាត់ស្ទើរតែបោះបង់ចោលនូវក្តីស្រមៃដែលចង់បានសង្គមមួយដែលមនុស្សគ្រប់រូបអាចរស់នៅដោយសមភាព និងសមធម៌ ដោយសារតែសម្ពាធផ្នត់គំនិតសង្គម និងវប្បធម៌ទាំងនេះ។ ទោះជាយ៉ាងណាក៍ដោយ ស្រ្តីវ័យក្មេងដែលមានស្រុកកំណើតក្នុងខេត្តកណ្តាលរូបនេះ នៅតែលើកទឹកចិត្តខ្លួនឯងជានិច្ចដើម្បីជម្នះរាល់បញ្ហាផ្សេងៗដែលខ្លួនបានជួបប្រទះ។ កញ្ញានិយាយដោយមានទំនុកចិត្តថា “ប្រសិនបើយើងជួបបញ្ហាប្រឈម ហើយមិនដោះស្រាយ នោះវានឹងមិនមានការផ្លាស់ប្តូរនោះទេ។ ទោះបីជាពេលខ្លះវាពិបាក តែឲ្យតែយើងរក្សាគំនិតវិជ្ជមាន នោះយើងនឹងអាចកែប្រែស្ថានភាពលំបាកទាំងនោះបាន។”

សូមចុចនៅទីនេះដើម្បីស្តាប់ការសន្ទនា!

សកម្មភាពមួយចំនួនដែលកញ្ញាបានចូលរួមរៀបចំ!

This slideshow requires JavaScript.